អង្គការ WCS ប្រចាំកម្ពុជាប្រារព្ធខួប២៥ឆ្នាំនៃការងារអភិរក្សសត្វព្រៃ ព្រៃឈើ និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៩មក អង្គការ WCS បានការពារជីវៈចម្រុះនៅតាមតំបន់ទេសភាពចំនួន៥ ដោយរួមមានទាំងតំបន់ទេសភាពបឹងទន្លេសាបដែលជាទីកន្លែងអង្គការ WCS បានជួយបង្កើតតំបន់អភិរក្សដំបូងគេនិងមានតែមួយប៉ុណ្ណោះក្នុងពិភពលោកសម្រាប់ការអភិរក្សសត្វខ្សឹប។ ពិធីប្រារព្ធខួបនេះជាចំណែកនៃសមិទ្ធិផលជាសកលក្នុងរយៈពេល១២៥ឆ្នាំកន្លងមករបស់អង្គការ WCS ជាមួយនឹងការចូលរួមចំណែករបស់បុគ្គលិកជាង១ ០០០នាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សចាប់តាំងពីកម្មវិធីអភិរក្សបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា។
ក្នុងរយៈពេល២៥ឆ្នាំនៃសតវត្សចុងក្រោយនេះ អង្គការ WCS បានការពារតំបន់ព្រៃឈើ តំបន់ដីសើម និងវាលស្មៅលើទំហំដីជាងមួយលានហិកតា។ តំបន់ទាំងនេះជាទីជម្រកធម្មជាតិសម្រាប់សត្វដែលជានិមិត្តសញ្ញាជាតិដូចជាសត្វត្រយ៉ងយក្ស សត្វអណ្តើកហ្លួង និងសត្វត្រយ៉ងចង្កំកស ដែលត្រូវបានរកឃើញឡើងវិញតាមរយៈកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយអង្គការ WCS និងត្រូវបានជំរុញឱ្យមានការការពារសារជាថ្មីនូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗនៅខេត្តកោះកុងនិងខេត្តព្រះវិហារ។
លោក អាលីសស្ទែរ ម៉ូលដ៏ នាយកអង្គការ WCS ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “កម្មវិធីអភិរក្សរបស់អង្គការ WCS បានរីកចម្រើនទន្ទឹមនឹងប្រទេសកម្ពុជា”។ “គម្រោងគំនិតផ្តួចផ្តើមនិងច្នៃប្រឌិតផ្សេងៗក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះបានបង្ហាញនូវសមិទ្ធិផលដែលអាចសម្រេចទៅបាន នៅពេលដែលវិទ្យាសាស្ត្រ សហគមន៍ និងការប្តេជ្ញាចិត្តជាមគ្គទេសក៍សម្រាប់កិច្ចខិតខំប្រឹងប្រែងអភិរក្ស។ យើងមានមោទនភាពក្នុងការចូលរួមចំណែកក្នុងដំណើរមួយនេះរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកនិរន្តរភាព និងការថែរក្សាបរិស្ថាន។”
តាមរយៈការចាប់ដៃគូសហការជាមួយសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន អង្គការ WCS បានឈានទៅមុខក្នុងផ្នែកវិទ្យាសាស្ត្រថ្មីៗ រួមបញ្ចូលនូវការរកឃើញសត្វចំនួន២០ប្រភេទដែលជាប្រភេទមិនត្រូវបានស្គាល់អត្តសញ្ញាណពីមុនមកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ក្នុងនោះ “កង្កែបស្នែងអូររាំង” ដែលត្រូវបានដាក់ឈ្មោះដើម្បីលើកតម្កើងភូមិជនជាតិដើមភាគតិចព្នង (ពូនង) ដែលចូលរួមការពារព្រៃឈើយ៉ាងមុតមាំនិងអនុញ្ញាតឱ្យសត្វកង្កែបប្រភេទនេះបន្តរស់រានបាន។
ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “អង្គការ WCS ប្រចាំកម្ពុជាគឺជាដៃគូដ៏សំខាន់ក្នុងការការពារតំបន់ការពារធម្មជាតិ និងប្រភេទសត្វសំខាន់ៗបំផុតមួយចំនួនក្នុងប្រទេសកម្ពុជា។ យើងក៏បានសង្កេតឃើញថាកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នានេះអាចបង្កើតឱកាសផ្សេងៗ និងធ្វើឱ្យជីវិតរបស់ជនជាតិដើមភាគតិចនិងសហគមន៍មូលដ្ឋានកាន់តែប្រសើរឡើង។”
គម្រោងអភិរក្សដឹកនាំដោយអង្គការ WCS ត្រូវបានសមាជិកសហគមន៍ជាង៥១ ០០០នាក់ធ្លាប់បានចូលរួមក្នុងគម្រោងផ្តួចផ្តើមផ្សេងៗ ដែលគិតចាប់ពីការល្បាតព្រៃសហគមន៍រហូតដល់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ គម្រោងរេដបូកកែវសីមាបានផ្តល់ថវិកាដោយផ្ទាល់ជាង២លានដុល្លារអាមេរិកដល់សហគមន៍ចំនួន ២០ សម្រាប់ការគាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍ជាង៤០០គម្រោង។ គម្រោងទាំងនេះរួមមានគម្រោងប្រព័ន្ធទឹកស្អាតសម្រាប់ប្រជាជនប្រមាណ១០ ០០០នាក់ គ្លីនិកសុខភាពចល័ត និងការសាងសង់សាលប្រជុំសហគមន៍ជាដើម។
អង្គការ WCS បានដាក់បញ្ចូលកម្មវិធីស្រូវត្រយង (IBIS Rice) ក្នុងឆ្នាំ២០១៧ ដោយផ្តល់តម្លៃស្រូវខ្ពស់ដល់កសិករដាំដុះស្រូវផ្កាម្លិះសរីរាង្គនិងមានមិត្តភាពសង្រ្គោះសត្វព្រៃ ដែលមិនប្រព្រឹត្តការកាប់ឆ្ការព្រៃឈើ។ ក្រុមហ៊ុន សំ វាសនា ខន់សើវេសិន ធួរ (Sam Veasna Conservation Tours) បង្កើតឡើងក្នុងឆ្នាំ ២០០៣ ក៏បានបង្កើតចំណូលពីវិស័យអេកូទេសចរណ៍ជូនដល់សហគមន៍ស្ថិតក្នុងតំបន់ជីវៈចម្រុះសំខាន់ៗនានា។ នាពេលបច្ចុប្បន្ន គម្រោងផ្តួចផ្តើមទាក់ទងនឹងការអភិរក្សទាំងនេះនិងកម្មវិធីផ្សេងៗទៀតកំពុងជួយគាំទ្រដល់ប្រជាជនកម្ពុជាប្រមាណ ២៥ ០០០នាក់ផងដែរ។
លោក អាលីសស្ទែរ ម៉ូលដ៍ បានមានប្រសាសន៍បន្ថែមទៀតថា៖ “ដំណើររឿងនៃការងារអភិរក្សក្នុងប្រទេសកម្ពុជានៅតែកំពុងត្រូវបានសរសេរចងក្រង។ បញ្ហាប្រឈមនិងឧបសគ្គនាពេលខាងមុខគឺពិតជាធំមែន ប៉ុន្តែសក្តានុពលនៃសមិទ្ធិផលដែលអាចសម្រេចបាននោះក៏ធំធេងផងដែរ។”
សូមចូលទៅកាន់គេហទំព័រ cambodia.wcs.org/25-years សម្រាប់ព័ត៌មានបន្ថែមស្តីពីសមិទ្ធិផលរបស់អង្គការ WCS ប្រចាំកម្ពុជា។ រូបថតមានគុណភាពខ្ពស់ទទួលបានពីព្រឹត្តិការណ៍អាចទាញយកបាន។
សម្រាប់ការសាកសួរអំពីសេចក្តីប្រកាសព័ត៌មាននេះ
សូមទាក់ទងលោក Austin Romeo នាយកផ្នែកទំនាក់ទំនងនៃអង្គការសមាគមអភិរក្សសត្វព្រៃ តាមរយៈ aromeo@wcs.org ឬ +855 077 734 096។