ខេត្តកំពង់ស្ពឺ (ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣)៖ ក្រសួងអភិវឌ្ឍន៍ជនបទ អង្គការជនជាតិដើមភាគ តិចកម្ពុជា (CIPO) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានសហការគ្នាប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នៅឯកីឡាដ្ឋានខេត្តកំពង់ស្ពឺ។ ពិធីប្រារព្ធទិវានេះក៏មានបញ្ចូលនូវកម្មវិធីសម្ដែងបែបប្រពៃណីនៃជនជាតិដើមភាគតិច ទិដ្ឋភាពនៃការបង្ហាញអំពីភាពលេចធ្លោនៃថ្នាក់ដឹកនាំអភិរក្ស និងសិទ្ធិរបស់ជនជាតិដើមភាគតិច ក៏ដូចជាការបង្ហាញអំពីតួនាទីរបស់យុវជនជនជាតិដើមភាគតិចក្នុងការផ្លាស់ប្ដូរ សហគមន៍របស់ពួកគេតាមរយៈការអប់រំ។
ការប្រារព្ធពិធីលើកទី២៩ នៃទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកឆ្នាំនេះប្រព្រឹត្តឡើងក្រោម ប្រធានបទ «យុវជនជនជាតិដើមភាគតិចគឺជាភ្នាក់ងារនៃការផ្លាស់ប្ដូរដោយសិទ្ធិស្វ័យសម្រេច» បានរំលេចឡើងវិញនូវកម្មវិធីអាហារូបករណ៍ ដែលគម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមាបានប្រកាសផ្ដល់ជូន កាលពីខែ ឧសភាឆ្នាំ២០២៣ កន្លងទៅ។ គម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមាជាគម្រោងរបស់ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយអង្គការ WCS។ កម្មវិធីអាហារូបករណ៍នេះបានជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការសិក្សាកម្រិតឧត្តមសិក្សារបស់និស្សិតជនជាតិដើមភាគតិចព្នង។ កញ្ញា ព្យិញ ដើក ជ័យលាភីមួយរូបដែលបានទទួលអាហារូបករណ៍នេះបានជ្រើសយកជំនាញ រៀបចំដែនដី និងរដ្ឋបាលដីធ្លី និងកំពុងសិក្សានៅរាជធានីភ្នំពេញ។ កញ្ញា ព្យិញ ដើក បានលើកឡើងថា «នាងខ្ញុំជ្រើសរើសមុខជំនាញនេះពីព្រោះនាងខ្ញុំចង់ដោះស្រាយបញ្ហាវិវាទដីធ្លីដែលកើតមានឡើងនៅក្នុងសហគមន៍ ក៏ដូចជាប្រើចំណេះជំនាញដីធ្លីរបស់ នាងខ្ញុំដើម្បី ជួយកសាងសមត្ថភាពសហគមន៍នៅក្នុងតំបន់នាងខ្ញុំ»។
លោក នេត វិបុល នាយករងអង្គការ WCS ប្រចាំប្រទេសកម្ពុជា បានកត់សម្គាល់ថា «អាហារូបករណ៍ទាំងនេះនឹងជួយពង្រីកការយល់ដឹងបន្ថែមដល់អ្នកដឹកនាំវ័យក្មេងយើង។ ការគាំទ្រនេះមិនត្រឹមតែជាជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើយុវជន ផ្ដល់សិទ្ធិអំណាច ជំរុញទឹកចិត្តពួកគេក្នុងការផ្លាស់ប្ដូរ និងជួយប្រែក្លាយពួកគេជាភ្នាក់ងារដឹកនាំការងារអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព នៅថ្ងៃអនាគត»។
ចំនុចគួរឱ្យកត់សម្គាល់ផងដែរនោះគឺនៅក្នុងប្រទេសកម្ពុជាយើងនេះមានសហគមន៍ជនជាតិដើមភាគតិចចម្រុះ ប្រមាណ២៤ ក្រុមផ្សេងៗគ្នា ហើយយើងក៏យល់ពីតម្លៃនៃប្រពៃណីដ៏ផូរផង់ជាមួយនឹងការអប់រំបែបទំនើបរបស់សហគមន៍ជនជាតិដើមភាគតិចនេះ។ ចំនុចទាំងពីរនេះបានធ្វើឱ្យក្រុមយុវជនជនជាតិភាគតិចចូលរួមបង្កើត ដំណោះស្រាយតាមបែបវប្បធម៌ និងប្រពៃណីពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុក៏ដូចជាដើម្បី ការពារទឹកដីដូនតារបស់ពួកគេ។
ការបន្តការសិក្សាគឺមានសារៈសំខាន់ណាស់ ព្រោះវាគឺជាដើមទុនសម្រាប់ការដោះស្រាយសិទ្ធិដីធ្លីជនជាតិដើមភាគតិចឱ្យបានកាន់តែប្រសើរ។ បន្ថែមពីលើនេះផងដែរក្របខណ្ឌច្បាប់ក្នុងប្រទេសកម្ពុជាដែលស្ដី អំពីការការពារសិទ្ធិជនជាតិដើមភាគតិចបាននឹងកំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មតាមតំបន់មួយចំនួន។ តួយ៉ាង គឺនៅ ដែនជម្រកសត្វព្រៃកែវសីមា (Keo Seima Wildlife Sanctuary-KSWS) បានឱ្យតម្លៃ និងផ្ដល់ការការពារសិទ្ធិដីធ្លី និងបេតិកភណ្ឌវប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិចព្នងចំនួន ០៧ សហគមន៍ ហើយក៏កំពុងតែបន្តដំណើរ ការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីសហគមន៍ជនជាតិដើមភាគតិច (ICT) ផងដែរ។
អ្នកស្រី ស្រួត ភានី ប្រធានសហគមន៍ជនជាតិដើមភាគតិចក្នុងភូមិស្រែល្វី ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានចូលរួមផ្ទាល់នៅក្នុងថ្ងៃប្រារព្ធពិធីនេះ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់យុវជនជនជាតិដើមភាគតិច ថា៖ «នៅក្នុងបរិបទ សហគមន៍ជាតិដើមភាគតិច កាលណាយុវជនកាន់តែមានការយល់ដឹងអំពីសិទ្ធិដីធ្លី នោះយើងកាន់ តែមានជំហរឹងមាំ ក្នុងការការពារសិទ្ធិដីធ្លីក្នុងសហគមន៍យើង»។ អ្នកស្រីក៏បានបន្ថែមថា «ទឹកដី របស់យើងគឺជា កេរ្តិ៍តំណែលពីដូនតា ហើយក៏ជាកេរ្តិ៍តំណែលសម្រាប់កូនចៅជំនាក់ក្រោយផងដែរ។ ចំណែកយុវជននៅក្នុង សហគមន៍របស់ខ្ញុំគឺតែងតែ មានសកម្មភាពចូលរួមការពារព្រៃឈើ និងសកម្មភាពទាក់ទងនឹងគម្រោងរេដបូក ដែល សកម្មភាពទាំងនេះគឺជាវិធីសាស្រ្តនាំឱ្យពួកគេការពារព្រៃឈើ និងអភិរក្សប្រពៃណីរបស់ជនជាតិយើងឱ្យនៅ គង់វង្ស»។
គួររម្លឹកផងដែរថា នៅមានសហគមន៍ជនជាតិដើមភាគតិចចំនួន៤៥០សហគមន៍ទៀតដែលពុំទាន់ទទួល បានកម្មសិទ្ធិដីសមូហភាពនៅឡើយ។ សមិទ្ធផលសម្រេចបានដោយគម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមាគឺជាសមិទ្ធផលដំបូងគេបង្អស់ដោយសហគមន៍ជនជាតិដើមភាគតិចបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ហើយសកម្មភាព នេះបានបង្ហាញអំពីតម្រូវការចាំបាច់ក្នុងការពង្រីកសិទ្ធិទាំងនេះបន្ថែមទៀត។ នៅពេលដែលយើងគោរពឱ្យតម្លៃ និងរក្សាសិទ្ធិទាំងនេះគឺយើងបានគាំទ្រសហគមន៍ជនជាតិដើមភាគតិច ដើម្បីបង្កើតតំបន់មួយដែលធម្មជាតិ និង មនុស្សរីកចម្រើនជាមួយគ្នា។
លោក.លោកស្រីអាចទាញយករូបភាពបន្ថែមក្នុងកម្រិតច្បាស់តាមរយៈតំណភ្ជាប់នេះ៖
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង
អ្នកនាង ចាន់ ផល្គុណ
ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង
អង្គការ WCS Cambodia
pchan@wcs.org