កោះកុង (ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៣)៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្ដីសោមនស្សរីករាយក្នុងការប្រកាសពីភាពជោគជ័យដ៏អស្ចារ្យស្ដីពីការទទួលបានកូនអណ្តើកហ្លួងចំនួន ១២២ក្បាល ដែលទើបបានញាស់ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងកាលពីសប្តាហ៍កន្លងទៅ។ នេះគឺជាលើកទីបីហើយ ដែលអណ្តើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលនេះបានពងកូន។
ក្នុងរដូវពងកូនឆ្នាំ២០២៣នេះ ក្រុមអណ្តើកហ្លួងចិញ្ចឹមសម្រាប់បង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន កោះកុង ពងបានចំនួន ២១សម្បុក ស្មើ ២៧២ពង ហើយញាស់បានចំនួន ១២២កូន បើប្រៀបធៀបទៅនឹងរដូវពងកូនឆ្នាំ២០២២ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយញាស់បានតែ៣០កូន ក្នុងចំណោមពង៩សម្បុកដែលមាន ៨១ពង។
លោក Christopher Poyser ប្រធានមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងនៃអង្គការ WCS បានថ្លែងថា «ការកើនឡើងនូវចំនួនពងក៏ដូចជាចំនួនកូនអណ្ដើកហ្លួងក្នុងរដូវពងកូនលើកនេះ គឺបានបង្ហាញពីលទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វដ៏កម្រជិតផុតពូជនេះកន្លងទៅ។ យើងខ្ញុំសង្ឃឹមយ៉ាងមុតម៉ាំថា ក្នុងរដូវពងកូនក្នុងឆ្នាំបន្ទាប់ ចំនួនកូនអណ្ដើកហ្លួងនឹងកាន់តែមានការកើនឡើងជាបន្តបន្ទាប់។»
អណ្ដើកហ្លួង ដែលមានឈ្មោះវិទ្យាសាស្ត្រថា Southern River Terrapin (Batagur affinis) ស្ថិតក្នុងប្រភេទអណ្ដើកគោក និងទឹកសាបចំនួន ២៥ប្រភេទដែលជិតផុតពូជបំផុតនៅលើពិភពលោក។ ប្រភេទអណ្ដើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអណ្ដើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រិត្យឆ្នាំ២០០៥។ ក្រុមអ្នកអភិរក្សជឿថា អណ្ដើកហ្លួងនេះ បានផុតពូជអស់ហើយនៅក្នុងប្រទេសកម្ពុជា តែរហូតដល់ឆ្នាំ ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសារជាថ្មីនូវប្រភេទអណ្ដើកហ្លួងនេះមួយចំនួនតូចនៅសេសសល់តាមដងព្រែកស្រែអំបិល។
ការចាប់ និងការជួញដូរអណ្ដើកហ្លួងសម្រាប់បរិភោគនិងធ្វើជាឱសថបុរាណ ការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រក ការធ្វើអាជីវកម្មខ្សាច់ និងការកាប់បំផ្លាញព្រៃលិចទឹកនៅតាមប្រព័ន្ធព្រែកស្រែអំបិល បាននឹងកំពុងតែគម្រាមកំហែងដល់ការរស់រាន និងការបង្កកំណើតរបស់សត្វប្រភេទនេះ។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាសន៍ថា «យើងមានមោទនភាពណាស់ដែលយើងទទួលបានកូនអណ្ដើកហ្លួងយ៉ាងច្រើនក្នុងរដូវពងកូនក្នុងឆ្នាំ២០២៣នេះ។ នេះជាក្ដីសង្ឃឹមដ៏ធំធេងរបស់យើងដើម្បីស្ដារចំនួនប្រភេទសត្វដ៏កម្រជិតផុតពូជនេះ ក្នុងប្រទេសកម្ពុជា។ រដ្ឋបាលជលផលសូមធ្វើការលើកទឹកចិត្តនិងគាំទ្រពេញទំហឹង ក្នុងការបន្ដនូវកម្មវិធីបង្កាត់ពូជ ក៏ដូចជាជម្រុញឱ្យមានការសហការកាន់តែចិត្តស្និទរវាងអាជ្ញាធរ និងសហគមន៍មូលដ្ឋានដើម្បីអភិរក្សសត្វប្រភេទនេះឱ្យកាន់តែមានភាពប្រសើឡើង ហើយយើងសង្ឃឹមថា អណ្តើកហ្លួងដែលជាប្រភេទជិតផុតពូជនេះនឹងមានវត្តមានរស់នៅយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។»
ក្រោមការគាំទ្រថវិកាដោយ Mandai Nature, Turtle Survival Alliance, Alan and Patricia Koval Foundation, អង្គការ WCS បាននិងកំពុងសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បាននឹងកំពុងតែអនុវត្តសកម្មភាពអភិរក្សសំខាន់ៗមួយចំនួន ដើម្បីទប់ស្កាត់រាល់បទល្មើសនានាដែលកើតមានឡើងក្នុងតំបន់ការពារនិងអភិរក្សអណ្ដើកហ្លួងតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងគោលបំណងដើម្បីស្ដារនិងបង្កើនចំនួនអណ្ដើកហ្លួងឡើងវិញក្នុងទីជម្រកធម្មជាតិ តាមរយៈការងារអភិរក្សនៅតាមដងព្រែក ការតាមដានការបំលាស់ទី និងកម្មវិធីចិញ្ចឹម ថែទាំ និងបង្កាត់ពូជ។ លើសពីនេះទៅទៀត ដើម្បីជម្រុញឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋាននៅក្នុងការងារ អភិរក្សសត្វដ៏កម្រនេះ អង្គការ WCS បានផ្ដួចផ្ដើមនូវឱកាសផ្សេងៗ ដើម្បីឱ្យពួកគាត់បានចូលរួមដូចជា គម្រោងស្រាវជ្រាវធនធានជលផល និងគម្រោងលើកលើកស្ទួយជីវភាពសហគមន៍ជាដើម។
បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន ២៨១ក្បាល ក្នុងនោះអណ្តើកហ្លួងមេពូជសម្រាប់កម្មវិធីបង្កាត់ពូជចំនួន ៥០ក្បាល និងអណ្ដើកហ្លួងវ័យជំទង់ និងទើបតែញាស់ចំនួន២៣១ក្បាល។ ចាប់តាំងពី ២០១៥មក អង្គការសមាគមអភិរក្សសត្វព្រៃ បានលែងអណ្ដើកហ្លួងវ័យជំទង់ និងពេញវ័យចូលទីជម្រកធម្មជាតិវិញចំនួន ១៦៦ក្បាលដើម្បីបង្កើនចំនួនសត្វប្រភេទនេះនៅក្នុងទីជម្រកធម្មជាតិ។
ដើម្បីទទួលបានរូបថតកូនអណ្ដើកហ្លួង និងសកម្មភាពក្រុមការងារអង្គការ WCS សូមចុចលើតំណនេះ https://bit.ly/3Mcv7pl.
###