ព្រះវិហារ (ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣) - អង្គការ WCS សហការជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និងមន្ទីរបរិស្ថានខេត្តព្រះវិហារ និងដោយមានការគាំទ្រពីសហគមន៍មូលដ្ឋាន សត្វត្រុំ / កុកស-ក ឬ កុកពាក់អំបោះ (Ciconia episcopus) មួយក្បាល និងសត្វត្រដក់តូច (Leptoptilos javanicus) មួយក្បាល ត្រូវបានលែងចូលទៅក្នុងតំបន់ការពារធម្មជាតិវិញ កាលពីខែ មករា ឆ្នាំ ២០២៣។
សត្វត្រុំ ឬហៅថាកុកពាក់អំបោះ ត្រូវបានកត់ត្រានៅបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតទទួលរងគ្រោះ។ ចំណែកឯ សត្វត្រដក់តូច ត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ។ ក្រុមការងារអង្គការ WCS និងមន្ទីរបរិស្ថានខេត្តព្រះវិហារ បានជួយសង្គ្រោះសត្វត្រុំមួយក្បាលនេះកាលពីខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីបានឃើញវាមានសភាពស្គមស្គាំងនិងអស់កម្លាំងខ្លាំង។ បន្ទាប់មក ក្រុមការងារក៏បានបញ្ជូនវាទៅកាន់ ACCB ដើម្បីពិនិត្យសុខភាព។ ក្រុមការងារ ACCB បានពិនិត្យឃើញថា សត្វត្រុំនេះមានជំងឺប៉ារ៉ាស៊ីតបក្សី (មេរោគដង្កូវព្រូនល្អិតៗ) និងបានព្យាបាល និងថែទាំវាយ៉ាងយកចិត្តទុកដាក់។ ចំណែកឯសត្វត្រដក់តូចវិញ ត្រូវបានមេបារបស់វាចិញ្ចឹមនៅក្នុង ACCB តាំងពីតូច។
ការលែងសត្វស្លាបទាំងនេះចូលក្នុងទីជម្រកធម្មជាតិវិញ គឺជាការរួមចំណែកដ៏សំខាន់មួយក្នុងការការពារនិងអភិរក្សប្រភេទសត្វទាំងនេះឱ្យនៅគង់វង្ស។
មុននឹងរៀបចំលែងសត្វស្លាបទាំងពីរចូលទៅក្នុងទីជម្រកធម្មជាតិវិញ ក្រុមការងារបានបង្ហាត់បង្រៀនសត្វទាំងពីរឱ្យចេះរកចាប់ចំណីស៊ីដោយខ្លួនឯងដោយបញ្ជូនពួកវាឱ្យទៅរស់នៅក្នុងទីជម្រកសិប្បនិម្មិតក្នុងមជ្ឈមណ្ឌល ដែលក្នុងនោះមានស្រះទឹកនិងត្រីរស់ មែកឈើសម្រាប់ពួកវាទុំ និងមានព្រៃឈើបាំងជុំវិញដើម្បីឱ្យពួកវាលែងស៊ាំនឹងមនុស្ស។
ភាពជោគជ័យក្នុងការលែងសត្វស្លាបទាំងពីរនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ ACCB, WCS និងមន្ទីរបរិស្ថានខេត្ត ព្រមទាំងការគាំទ្រពីសហគមន៍មូលដ្ឋាន។ យើងខ្ញុំសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ពួកគាត់ក្នុងការការពារនិងអភិរក្សប្រភេទសត្វងាយរងគ្រោះទាំងនេះ៕
វីដេអូសកម្មភាពលែងមាននៅទីនេះ៖ https://fb.watch/iJBool_ssq/
Nev Broadis, Northern Plains Landscape Technical Advisor, WCS Cambodia – nbroadis@wcs.org
Christel Griffioen, Country Director, Angkor Centre for Conservation of Biodiversity – cgriffioen@accb-cambodia.org